Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចចូត
( ន.នាមសព្ទ )
ឈ្មោះស្មៅមួយប្រភេទពួកកក់ សម្រាប់ត្បាញកន្ទេល ឬការុងជាដើម; កន្ទេល ឬ ការុងដែលត្បាញដោយស្មៅនោះ ក៏ហៅថា : កន្ទេលចចូត, ការុងចចូត ដែរ ។
-
ចចើង
( កិ.កិរិយាសព្ទ )
សំដែងអាការនរនាទ, រនះរនាត, ចើងម៉ើងដោយថ្កើងចិត្ត : ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធនទៅ មានះបាត់មិត្រ ឥតអ្នកជាផៅ ខេរខឹងឃោរឃៅ រមែងបាត់អង្គ ។ (សាស្រ្តាច្បាប់រាជនេតិជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។
-
ចចេស
( កិ.កិរិយាសព្ទ )
ទទូចធ្វើបំពានលើបម្រាម : ហាមមិនឲ្យធ្វើ វាចចេសធ្វើទាល់តែបាន ។
-
ចចេស
( គុ.គុនសព្ទ )
រឹងរូស, ម្នះ, មុខរឹង : មនុស្សចចេស, ចិត្តចចេស ។
-
ចច្រេសចច្រាស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ស្ទុះស្ទាទៅមក, រត់ច្រាសចុះច្រាសឡើង, ឆ្លេឆ្លា : មេមាន់រត់ចច្រេសចច្រាស ។
-
ចណ្ឌ
( គុ.គុនសព្ទ )
or ច័ណ្ឌ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចណ្ឌ) កាច; ក្ដៅ; ហឹរ ... ។ ន. កំណាច, សេចក្ដីក្រោធ, កំហឹង ... ។ ទឹកច័ណ្ឌ (រ. ស.) សុរា (ពាក្យហៅដោយសន្មតបញ្ចៀសឈ្មោះស្រា) ។
-
ចណ្ឌាល
( ន.នាមសព្ទ )
[ច័ន-ឌាល]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
មនុស្សពូជសូទ្រៈ ពួកមួយ គឺពួកមនុស្សត្រកូលទាបដែលមានពូជដើម កើតអំពីបិតាពូជសូទ្រៈ មាតាពូជព្រាហ្មណ៍ (ក្នុងសម័យបុរាណពីព្រេងនាយ) ។ ក្នុងសម័យសព្វថ្ងៃនេះ សំដៅចំពោះមនុស្សដែលដុនដាបថោកទាប ហើយកាចព្រហើនមិនក្រែងច្បាប់ ជាមនុស្សឥតអៀនខ្មាស ដើរសាត់អណ្ដែតទៅជ្រកអាស្រ័យនៅដោយសារអ្នកដទៃ ចេញពីផ្ទះនេះទៅនៅផ្ទះនោះ ចេញពីផ្ទះនោះទៅនៅផ្ទះឯណោះ ជាអ្នកអែបអបគ្រាន់តែចិញ្ចឹមជីវិត ប្រព្រឹត្តអំពើកាចច្រឡោងខាមជានិច្ច ប៉ុន្តែមិនប្រព្រឹត្តធ្វើចោរកម្មទេ ។ កិ. វិ. :
- ស្រែកចណ្ឌាល គឺស្រែកជេរ ឬ ស្រែកយំខ្លាំងពេញសំឡេងឥតក្រែងឥតខ្មាសអ្នកណា ។
-
ចណ្ឌាលី
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ស្រីចណ្ឌាល, ស្រីពូជចណ្ឌាល ។
-
ចត
( កិ.កិរិយាសព្ទ )
បញ្ឈប់នាវាផ្សេងៗ នៅផែ, ក្បួនជាដើម ដោយចងពួរ ឬ បោះយុថ្កា : ចតទូក, ចតកប៉ាល់ ។
-
ចត
( កិ.កិរិយាសព្ទ )
ដាក់ថ្នាំបំពោករុំដោយសំពត់ត្រង់ដៃឬជើង ដែលបាក់ឬគ្រេច : ចតរបួស (និយាយដោយស្រុក) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>